Terms & Conditionsលក្ខខណ្ឌនៃការផ្តល់សេវាកម្ម
កាលបរិច្ឆេទធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ខែតុលា ឆ្នាំ២០២៦ (v2026.10.02)
១កិច្ចព្រមព្រៀងគតិយុត្ត និងការជូនដំណឹងអំពីការកែប្រែលក្ខខណ្ឌ
លក្ខខណ្ឌនៃការផ្តល់សេវាកម្មនេះ គឺជាកិច្ចសន្យាស្របច្បាប់រវាងអ្នកប្រើប្រាស់ និង KHQR.dev។ តាមរយៈការបង្កើតគណនី ការហៅប្រើប្រាស់ចំណុចប្រទាក់កម្មវិធី អេភីអាយ (API) ឬការប្រើប្រាស់ផ្ទាំងទូទាត់ប្រាក់ វេបឆេកអាវ (Web Checkout) អ្នកប្រើប្រាស់ត្រូវបានចាត់ទុកថាបានយល់ព្រមតាមលក្ខខណ្ឌទាំងអស់នេះដោយឥតលក្ខខណ្ឌ។ គោលការណ៍ឯកជនភាព (Privacy Policy) របស់យើងខ្ញុំក៏ជាផ្នែកមួយមិនអាចខ្វះបាននៃកិច្ចព្រមព្រៀងនេះផងដែរ។
ការកែប្រែលក្ខខណ្ឌ និងការជូនដំណឹង៖ KHQR.dev រក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាព និងកែសម្រួលលក្ខខណ្ឌនៃការផ្តល់សេវាកម្មនេះស្របតាមការវិវត្តនៃប្រព័ន្ធ និងច្បាប់ជាធរមាន។ រាល់ពេលមានការកែប្រែ ប្រព័ន្ធនឹងជូនដំណឹងដល់អ្នកប្រើប្រាស់ដោយផ្ទាល់នៅលើផ្ទាំងគ្រប់គ្រងនៃ ក្លាយអិន ផតថល (Client Portal Dashboard)។ ការបន្តចូលប្រើប្រាស់ ឬប្រើប្រាស់សេវាកម្មបន្ទាប់ពីមានការជូនដំណឹងនៅលើផ្ទាំងគ្រប់គ្រង ត្រូវបានចាត់ទុកថាជាការយល់ព្រមទទួលយកនូវរាល់លក្ខខណ្ឌថ្មីៗទាំងស្រុង។
២និយមន័យពាក្យបច្ចេកទេស និងស្ថាបត្យកម្មមិនកាន់កាប់សាច់ប្រាក់ (Non-Custodial)
KHQR.dev គឺជាឧបករណ៍បច្ចេកវិទ្យាជំនួយកម្រិតកណ្តាល ឬ មីដដលវែរ (Developer Middleware Utility) សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី (Developers) ក្នុងការសម្រួលការបង្កើត និងផ្ទៀងផ្ទាត់ទិន្នន័យប្រតិបត្តិការ KHQR សម្រាប់កម្មវិធី និងគេហទំព័រ។ ក្នុងន័យនៃកិច្ចព្រមព្រៀងនេះ ពាក្យបច្ចេកទេសត្រូវបានកំណត់និយមន័យដូចខាងក្រោម៖
- មីដដលវែរ (Middleware)៖ សំដៅលើប្រព័ន្ធកម្មវិធីបច្ចេកវិទ្យាដែលដើរតួជាស្ពានកណ្តាលក្នុងការបញ្ជូន និងផ្ទៀងផ្ទាត់ទិន្នន័យស្វ័យប្រវត្តិតាមការបង្គាប់របស់អ្នកប្រើប្រាស់។
- អេភីអាយ (API - Application Programming Interface)៖ សំដៅលើចំណុចប្រទាក់កម្មវិធីសម្រាប់ឱ្យប្រព័ន្ធកុំព្យូទ័រទាក់ទង និងផ្លាស់ប្តូរទិន្នន័យស្វ័យប្រវត្តិ។
- អេសឌីខេ (SDK - Software Development Kit)៖ សំដៅលើកញ្ចប់ឧបករណ៍ និងបណ្ណាល័យកូដសម្រាប់អ្នកអភិវឌ្ឍន៍យកទៅផ្គុំក្នុងកម្មវិធីរបស់ខ្លួន។
- វេបឆេកអាវ (Web Checkout)៖ សំដៅលើផ្ទាំងទំព័រទូទាត់ប្រាក់លើបណ្តាញសម្រាប់បង្ហាញកូដទូទាត់ជូនអតិថិជន។
- វេបហ៊ុក (Webhook)៖ សំដៅលើប្រព័ន្ធបញ្ជូនដំណឹងស្វ័យប្រវត្តិតាមបណ្តាញរវាងម៉ាស៊ីនមេនិងម៉ាស៊ីនមេ (Server-to-Server) ភ្លាមៗនៅពេលមានប្រតិបត្តិការកើតឡើង។
- ស្ថាបត្យកម្មមិនកាន់កាប់សាច់ប្រាក់ ណុន-ខាសស្ទូឌាល (Non-Custodial)៖ KHQR គឺជាស្តង់ដារទូទាត់ជាតិ។ យើងខ្ញុំ មិនមែនជាធនាគារ ស្ថាប័នទូទាត់ ឬច្រកទូទាត់ប្រាក់ដែលកាន់កាប់សាច់ប្រាក់ឡើយ ហើយយើងខ្ញុំមិនផ្តល់ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ឬច្បាប់ឡើយ។ យើងខ្ញុំ មិនដែលកាន់កាប់ មិនប៉ះពាល់ និងមិនកាត់កម្រៃជើងសារលើសាច់ប្រាក់របស់អ្នកឡើយ។ ថវិកាផ្ទេរត្រង់ចូលគណនីធនាគាររបស់អ្នកផ្ទាល់ ១០០%។ យើងខ្ញុំមិនអាចផ្ទេរ បង្កក ឬធ្វើការបង្វិលសងប្រាក់ (Refund) ជំនួសមុខឱ្យអ្នកបានឡើយ។
- ការតភ្ជាប់សម្រាប់អ្នកអភិវឌ្ឍន៍ និងស្ថាប័ន៖ សេវាកម្មត្រូវបានរៀបចំឡើងសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីយកទៅប្រើប្រាស់ក្នុងគម្រោងបច្ចេកវិទ្យារបស់ខ្លួន។ ចំពោះស្ថាប័ន ឬក្រុមហ៊ុនដែលត្រូវការកិច្ចសន្យា SLA ផ្លូវការកម្រិតស្ថាប័ន ឬការតភ្ជាប់ដោយផ្ទាល់ជាមួយស្ថាប័នធនាគារពាណិជ្ជ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ (PSI) ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា អ្នកប្រើប្រាស់អាចជ្រើសរើសតភ្ជាប់ដោយផ្ទាល់ជាមួយធនាគារដៃគូបានតាមតម្រូវការជាក់ស្តែង។
៣ការផ្តល់សិទ្ធិស្របច្បាប់លើតំណភ្ជាប់ទូទាត់ប្រាក់
ការដែលអ្នកប្រើប្រាស់បញ្ចូល រៀបចំ ឬភ្ជាប់តំណភ្ជាប់ទូទាត់ប្រាក់ (Payment Link) មកកាន់ប្រព័ន្ធ KHQR.dev គឺជាការធានាអះអាង និងការផ្តល់សិទ្ធិស្របច្បាប់ដោយស្ម័គ្រចិត្តឥតលក្ខខណ្ឌ ដូចខាងក្រោម៖
- អ្នកប្រើប្រាស់ធានាអះអាងថា ខ្លួនគឺជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃតំណភ្ជាប់ទូទាត់ប្រាក់ និងគណនីទទួលប្រាក់នោះ។
- អ្នកប្រើប្រាស់យល់ព្រមប្រគល់សិទ្ធិអំណាចពេញលេញដល់សេវាកម្ម KHQR.dev ក្នុងការដំណើរការ ប្រើប្រាស់ និងចាត់ចែងធនធានបច្ចេកទេសស្របច្បាប់ជំនួសមុខឱ្យអ្នកប្រើប្រាស់ ក្នុងគោលបំណងបង្កើត និងផ្ទៀងផ្ទាត់ទិន្នន័យប្រតិបត្តិការ KHQR។
- KHQR.dev ដើរតួត្រឹមតែជាឧបករណ៍បច្ចេកវិទ្យាស្វ័យប្រវត្តិតាមការបង្គាប់របស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ដើម្បីការពារកុំឱ្យមានការភាន់ច្រឡំ ឬការចោទប្រកាន់ថា KHQR.dev ប្រើប្រាស់ធនធានបច្ចេកទេស ឬចំណុចប្រទាក់កម្មវិធី អេភីអាយ (API) របស់ស្ថាប័នធនាគារដោយគ្មានការអនុញ្ញាត។
៤សិទ្ធិអំណាច និងកិច្ចសហការជាមួយស្ថាប័នធនាគារ
ដើម្បីការពារសុវត្ថិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពនៃប្រព័ន្ធទូទាត់ប្រាក់សកល ស្ថាប័នធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ឬអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិពេញលេញគ្រប់ពេលវេលាក្នុងការស្នើសុំឱ្យ KHQR.dev ផ្អាក បិទ ឬដកចេញនូវមុខងារ គណនី ឬធនធានបច្ចេកទេសណាមួយ ដែលស្ថាប័នទាំងនោះយល់ឃើញថាមិនសមស្រប ឬអាចប៉ះពាល់ដល់ប្រព័ន្ធរបស់ខ្លួន។ KHQR.dev នឹងសហការអនុវត្តតាមការស្នើសុំទាំងនោះភ្លាមៗ ដើម្បីការពារប្រព័ន្ធ និងផលប្រយោជន៍ស្របច្បាប់រួម។
៥ការផ្ទៀងផ្ទាត់កម្មសិទ្ធិឈ្មោះដែន ដូមេន និងសុវត្ថិភាពតំណភ្ជាប់
ដើម្បីអាចប្រើប្រាស់មុខងារបញ្ជូនបន្តលើផ្ទាំងទូទាត់ វេបឆេកអាវ (Web Checkout) អ្នកប្រើប្រាស់មានកាតព្វកិច្ច៖
- ចុះឈ្មោះ និងផ្ទៀងផ្ទាត់ភាពជាម្ចាស់កម្មសិទ្ធិលើឈ្មោះដែន ដូមេន (Domain) តាមរយៈកំណត់ត្រាអត្ថបទ ឌីអិនអេស (DNS TXT Record) ឬឯកសារផ្ទៀងផ្ទាត់ពិធីការ អេចធីធីភី (HTTP Validation File) នៅក្នុងផ្ទាំងគ្រប់គ្រង។
- រាល់តំណភ្ជាប់បញ្ជូនបន្តទាំងអស់ ដែលជាប៉ារ៉ាម៉ែត្រកូដបច្ចេកទេស (រួមមាន
return_url, success_url, cancel_url) ត្រូវតែស្ថិតក្រោមឈ្មោះដែន ដូមេន ដែលបានផ្ទៀងផ្ទាត់រួចជាដាច់ខាត។ - ហាមដាច់ខាតការប្រើប្រាស់តំណភ្ជាប់បង្រួញខ្លី ឬការបញ្ជូនបន្តទៅកាន់គេហទំព័រភាគីទីបីដោយគ្មានការអនុញ្ញាត ដើម្បីទប់ស្កាត់ការបន្លំលួចទិន្នន័យ ឬ អានទីហ្វីស៊ីង (Anti-Phishing)។
៦ការប្រើប្រាស់ស្របច្បាប់ និងការដាក់បម្រាម
អ្នកអាចប្រើប្រាស់ KHQR.dev បានតែសម្រាប់សកម្មភាពស្របច្បាប់ប៉ុណ្ណោះ។ អ្នកមានទំនួលខុសត្រូវក្នុងការគោរពរាល់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកមិនត្រូវប្រើប្រាស់ប្រព័ន្ធទាំងដោយផ្ទាល់ ឬដោយប្រយោល ដើម្បីប្រមូលប្រាក់ពាក់ព័ន្ធនឹង៖
- ការឆបោក ការបន្លំ អាជីវកម្មពីរ៉ាមីត ឬគេហទំព័រលួចទិន្នន័យ (Phishing/Scams)។
- ការលាងលុយកខ្វក់ ការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម ឬការគេចវេះពីការគ្រប់គ្រងរូបិយវត្ថុ (AML/CFT)។
- គ្រឿងញៀនខុសច្បាប់ អាវុធ ជាតិផ្ទុះ ទំនិញក្លែងក្លាយ សត្វព្រៃការពារ ឬសេវាកម្មអាសអាភាស។
- ល្បែងស៊ីសង ឆ្នោត ឬការភ្នាល់ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
- សេវាកម្មហិរញ្ញវត្ថុដែលគ្មានអាជ្ញាប័ណ្ណ (រួមទាំងការផ្ទេរប្រាក់ ឬការប្តូរប្រាក់ខុសច្បាប់)។
- ការយកគណនី KHQR.dev ទៅឱ្យភាគីទីបីជួលបន្ត ឬការដំណើរការទូទាត់ជំនួសអាជីវកម្មផ្សេងដោយគ្មានការអនុញ្ញាត (Transaction Laundering)។
- ការបំពានប្រព័ន្ធ និងកម្រិតស្នើសុំ៖ ហាមឃាត់ដាច់ខាតការវាយប្រហារបណ្តាញ (Attacks), ការផ្ញើសំណើផ្ទុះកំហុកច្រើនហួសប្រមាណ (Burst Request Attacks), ការបំពានកម្រិតកំណត់សំណើ រ៉េតលីមីត (Rate Limit Violation), ការប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិកេងចំណេញ បូត (Bots/Scrapers), ឬសកម្មភាពទាំងឡាយណាដែលរំខានដល់ស្ថេរភាពនៃម៉ាស៊ីនមេ សឺវើ (Servers)។
សិទ្ធិក្នុងការដាក់បម្រាម៖ យើងខ្ញុំរក្សាសិទ្ធិអំណាចពេញលេញក្នុងការរារាំង និងដាក់ឈ្មោះដែនណាមួយទៅក្នុងបញ្ជីខ្មៅ (Banned Domains) ឬបង្កកគណនីភ្លាមៗដោយមិនបាច់ជូនដំណឹងជាមុន ប្រសិនបើរកឃើញថាបំពានគោលការណ៍ច្បាប់ ឬប្រព្រឹត្តសកម្មភាពគួរឱ្យសង្ស័យ។
៧កាតព្វកិច្ចផ្ទៀងផ្ទាត់មុនប្រគល់ទំនិញ
អ្នកមិនត្រូវប្រគល់ទំនិញ កាត់ស្តុក ឬបើកសេវាកម្មទៅឱ្យអតិថិជន ដោយពឹងផ្អែកតែលើការបង្វែរទិសរបស់កម្មវិធីរុករកមកកាន់ទំព័រ success_url ឬព្រឹត្តិការណ៍លើផ្ទាំងខាងមុខ (Client-Side Event) ឡើយ។ អ្នកត្រូវតែផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការទូទាត់តាមរយៈកូដពីម៉ាស៊ីនមេទៅម៉ាស៊ីនមេ (Server-to-Server) ជានិច្ច ដោយប្រើប្រាស់ប្រព័ន្ធបញ្ជូនដំណឹង វេបហ៊ុក (Webhook) ដែលមានចុះហត្ថលេខាឌីជីថលសម្ងាត់ អេចម៉ាក់ (HMAC-SHA256 Signature ដែលមានព្រឹត្តិការណ៍ "event": "payment.success") ឬហៅចំណុចប្រទាក់កម្មវិធី អេភីអាយ ពិនិត្យស្ថានភាពប្រតិបត្តិការ ដើម្បីធានាថាប្រាក់ពិតជាបានចូលគណនីមុននឹងបញ្ចប់ប្រតិបត្តិការ។ យើងខ្ញុំមិនទទួលខុសត្រូវចំពោះការខាតបង់ដែលបណ្តាលមកពីការមិនគោរពតាមការណែនាំបច្ចេកទេសនេះទេ។
៨គណនី និងសោសម្ងាត់របស់អ្នក
អ្នកត្រូវរក្សាព័ត៌មានគណនីឱ្យបានត្រឹមត្រូវ និងរក្សាការសម្ងាត់នៃលេខកូដសម្ងាត់សម្គាល់សិទ្ធិ ថូខឹន (RBK Token) និងសោសម្ងាត់ផ្ទៀងផ្ទាត់ វេបហ៊ុក ស៊ីក្រេត (Webhook Secret) ឱ្យបានម៉ត់ចត់។ រាល់សកម្មភាពដែលធ្វើឡើងតាមរយៈសោសម្ងាត់របស់អ្នក នឹងត្រូវចាត់ទុកថាជាសកម្មភាពរបស់អ្នកផ្ទាល់។ ប្រសិនបើសង្ស័យថាមានការបែកធ្លាយ អ្នកត្រូវដកហូត ឬបង្កើតថ្មីភ្លាមៗពីផ្ទាំងគ្រប់គ្រង។
៩គម្រោង កូតា និងការទូទាត់
គម្រោងសេវាកម្មមានទាំងជម្រើសឥតគិតថ្លៃ និងជម្រើសគម្រោងបង់ប្រាក់ ដែលត្រូវបានកំណត់ និងបង្ហាញជាក់ស្តែងនៅលើផ្ទាំងគ្រប់គ្រង ក្លាយអិន ផតថល (Client Portal Dashboard នៅលើ dash.khqr.dev)។ គម្រោងនីមួយៗរួមបញ្ចូលនូវចំនួនប្រតិបត្តិការជោគជ័យក្នុងមួយវដ្តសុពលភាព។ ប្រតិបត្តិការត្រូវបានរាប់ចូលកូតានៅពេលវាឈានដល់ស្ថានភាពបង់ប្រាក់ជោគជ័យ (paid)។
- សុពលភាពគម្រោង៖ គិតរយៈពេល ៣០ ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃដែលអ្នកបានបង់ប្រាក់ ឬធ្វើសកម្មភាពបើកដំណើរការ (មិនមែនគិតតាមខែប្រតិទិនឡើយ)។
- គ្មានការកាត់ប្រាក់បន្តស្វ័យប្រវត្តិ៖ ការបង់ប្រាក់គឺជាការទិញម្តងៗសម្រាប់រយៈពេល ៣០ ថ្ងៃ។
- ដំណាក់កាលអនុគ្រោះបន្ទាន់៖ នៅពេលកូតាប្រើអស់ ឬដល់ថ្ងៃផុតកំណត់ ប្រព័ន្ធផ្តល់ការអនុគ្រោះរយៈពេល ៣ ថ្ងៃ និងកូតាបន្ថែម +៥០ ប្រតិបត្តិការបន្ទាន់ ដើម្បីកុំឱ្យរអាក់រអួលដល់ដំណើរការបច្ចេកវិទ្យារបស់អ្នក មុនពេលប្រព័ន្ធផ្អាកដំណើរការ។
- គោលការណ៍ដាច់ខាតមិនបង្វិលប្រាក់៖ ថ្លៃសេវាគម្រោងគឺជាការបង់ជាមុន និងមិនអាចបង្វិលប្រាក់វិញបានឡើយគ្រប់កាលៈទេសៈ ទោះបីជាប្រើប្រាស់មិនអស់កូតាក៏ដោយ។
១០ការផ្អាក និងការបិទគណនី
យើងខ្ញុំអាចនឹងផ្អាក ឬបិទគណនីដែលបំពានលើលក្ខខណ្ឌទាំងនេះ (ជាពិសេសផ្នែកទី ៦) ឬនៅពេលមានការតម្រូវដោយច្បាប់ ឬដោយដៃគូធនាគាររបស់យើងខ្ញុំ។ គណនីដែលត្រូវបានផ្អាកនៅតែអាចចូលប្រើប្រាស់បានដើម្បីពិនិត្យទិន្នន័យចាស់ ប៉ុន្តែមិនអាចបង្កើតការទូទាត់ថ្មីបានឡើយ។ យើងខ្ញុំអនុញ្ញាតឱ្យប្រតិបត្តិការដែលកំពុងដំណើរការអាចបញ្ចប់ជាធម្មតា ដើម្បីកុំឱ្យប៉ះពាល់ដល់ថវិការបស់អ្នកទូទាត់។
១១ភាពអាស្រ័យលើដៃគូធនាគារ និងការកម្រិតការទទួលខុសត្រូវ
- សេវាកម្មនេះត្រូវបានផ្តល់ជូនតាមស្ថានភាពជាក់ស្តែង និងតាមលទ្ធភាពដែលអាចផ្តល់ជូនបាន។ សេវាកម្មនេះអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវទូទាត់របស់ដៃគូធនាគារដែលយើងខ្ញុំមិនអាចគ្រប់គ្រងទាំងស្រុងបានឡើយ។
- យើងខ្ញុំមិនទទួលខុសត្រូវចំពោះការបាត់បង់ប្រាក់ចំណេញ ការខូចខាតទិន្នន័យ ឬការខូចខាតដោយប្រយោលណាមួយឡើយ។ ការទទួលខុសត្រូវសរុបជាអតិបរមារបស់យើងខ្ញុំចំពោះរាល់ការទាមទារ ត្រូវបានកម្រិតត្រឹមចំនួនទឹកប្រាក់ដែលអ្នកបានបង់មកកាន់យើងខ្ញុំក្នុងរយៈពេល ១ ខែចុងក្រោយមុនពេលមានបញ្ហាកើតឡើង។ ដោយសារថវិកាផ្ទេរត្រង់រវាងអ្នកទូទាត់ និងធនាគាររបស់អ្នក យើងខ្ញុំមិនទទួលខុសត្រូវលើការទូទាត់ផ្ទាល់នោះឡើយ (រួមទាំងការទូទាត់យឺតយ៉ាវ ឬវិវាទនៅធនាគារ)។
១២ច្បាប់គ្រប់គ្រង
លក្ខខណ្ឌទាំងនេះត្រូវបានគ្រប់គ្រង និងបកស្រាយដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយតុលាការនៃព្រះរាជាណាចក្រកម្ពុជាមានយុត្តាធិការផ្តាច់មុខលើរាល់វិវាទទាំងអស់ដែលកើតឡើងចេញពីកិច្ចព្រមព្រៀងនេះ។